42. ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
43. នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
44. ជនជាតិអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និងអំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
45. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
46. «កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង!
47. ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។
48. មនុស្សលោកទាំងអស់នឹងឃើញថា គឺយើងជាព្រះអម្ចាស់ដែលបានបង្កាត់ភ្លើងនេះ ហើយវានឹងមិនរលត់ឡើយ”»។
49. ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ អ្នកទាំងនោះតែងតែពោលថា ទូលបង្គំជាអ្នកនិយាយពាក្យប្រស្នា»។