គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 20:40-49 Khmer Standard Version (KHSV)

40. ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រា‌អែល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​តង្វាយ​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សម្រាប់​យើង។

41. កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។

42. ពេល​យើង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

43. នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា​មារយាទ និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង អ្នក​រាល់​គ្នា​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។

44. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​នាម​យើង​ផ្ទាល់ គឺ​យើង​មិន​ប្រព្រឹត្ត​តាម​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

45. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

46. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ប្រឆាំង​នឹង​ស្រុក​ខាង​ត្បូង​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង!

47. ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។

48. មនុស្ស​លោក​ទាំង​អស់​នឹង​ឃើញ​ថា គឺ​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កាត់​ភ្លើង​នេះ ហើយ​វា​នឹង​មិន​រលត់​ឡើយ”»។

49. ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ទូលបង្គំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។

សូមអានជំពូកពេញលេញ អេសេ‌គាល 20