គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 20:11-22 Khmer Standard Version (KHSV)

11. យើង​បាន​ប្រគល់​ច្បាប់​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។

12. យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សម្គាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ពួក​គេ​ឲ្យ​វិសុទ្ធ*។

13. នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជា‌និច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។

14. ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

15. នៅ​វាល​រហោ‌ស្ថាន យើង​ក៏​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​មិន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ​នោះ​ឡើយ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។

16. យើង​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មើល‌ងាយ​វិន័យ​របស់​យើង មិន​ធ្វើ​តាម​ច្បាប់​របស់​យើង ព្រម​ទាំង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ទៀត​ផង ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន​ជា‌និច្ច។

17. ប៉ុន្តែ យើង​មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ យើង​ពុំ​បាន​កម្ទេច និង​ប្រល័យ​ជីវិត​ពួក​គេ ឲ្យ​វិនាស​សូន្យ​នៅ​វាល​រហោ‌ស្ថាន​ទេ។

18. យើង​បាន​ប្រាប់​កូន​ចៅ​របស់​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ថា “កុំ​ធ្វើ​តាម​ច្បាប់ និង​គោរព​តាម​វិន័យ​របស់​ដូនតា​អ្នក​រាល់​គ្នា ហើយ​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ដែរ។

19. យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ច្បាប់ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជា‌និច្ច។

20. ចូរ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

21. ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ច្បាប់​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង ដើម្បី​ឲ្យ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។

22. ផ្ទុយ​ទៅ​វិញ យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ អេសេ‌គាល 20