គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 18:18-32 Khmer Standard Version (KHSV)

18. ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះ‌ជាន់ លួច​ទ្រព្យ​សម្បត្តិ​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។

19. អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។

20. អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

21. ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។

22. យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។

23. តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះ‌បង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​រស់​រាន​មាន​ជីវិត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

24. រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះ‌បង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

25. អ្នក​រាល់​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។

26. ប្រសិន​បើ​មនុស្ស​សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់ ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

27. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​ចោល​អំពើ​អាក្រក់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​ទៅ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ គេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​គង់‌វង្ស។

28. ប្រសិន​បើ​អ្នក​នោះ​ភ្ញាក់​ស្មារតី ហើយ​លះ‌បង់​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន គេ​ពិត​ជា​រស់​រាន​មាន​ជីវិត គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។

29. ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។

30. ហេតុ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះ‌បង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្ដោយ​ឲ្យ​កំហុស​របស់​អ្នក​រាល់​គ្នា បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

31. ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ

32. ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ -។

សូមអានជំពូកពេញលេញ អេសេ‌គាល 18