គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 18:14-22 Khmer Standard Version (KHSV)

14. ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តម្រាប់​តាម​ឪពុក

15. គឺ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ

16. មិន​ជិះ‌ជាន់​គេ មិន​រក​ស៊ី​បញ្ចាំ មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ

17. មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កំរៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​វិន័យ និង​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។

18. ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះ‌ជាន់ លួច​ទ្រព្យ​សម្បត្តិ​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។

19. អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។

20. អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

21. ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។

22. យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។

សូមអានជំពូកពេញលេញ អេសេ‌គាល 18