គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 17:18-24 Khmer Standard Version (KHSV)

18. ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី គឺ​ស្ដេច​បាន​ព្រម​ព្រៀង​ជា​មួយ​គេ ហើយ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទៅ​វិញ ដូច្នេះ ស្ដេច​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!»។

19. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក្បត់​នឹង​ពាក្យ​សច្ចា‌ប្រណិ‌ធាន ដែល​គេ​បាន​ស្បថ​ជា​មួយ​យើង ហើយ​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​គេ​បាន​ចង​ជា​មួយ​យើង​ដែរ។ យើង​នឹង​ដាក់​ទោស​គេ តាម​ពាក្យ​ដែល​គេ​ស្បថ។

20. យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​ក្នុង​សំណាញ់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ី‌ឡូន ហើយ​នៅ​ទី​នោះ យើង​នឹង​កាត់​ទោស​គេ ព្រោះ​គេ​បាន​ក្បត់​យើង។

21. ទាហាន​ដ៏​ចំណាន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​រត់​ទៅ​គ្រប់​ទិស‌ទី។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា នេះ​ពិត​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់​មែន»។

22. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​កាច់​ពន្លក​មួយ​ពី​ចុង​តាត្រៅ យក​មក​ដាំ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម។

23. យើង​នឹង​ដាំ​ពន្លក​នោះ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សា‌បក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ តាម​មែក​តាត្រៅ​នោះ។

24. ពេល​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាម​ព្រៃ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់។ យើង​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​លើក​ដើម​ឈើ​តូចៗ​ឲ្យ​លូត​ខ្ពស់​ឡើង។ យើង​ធ្វើ​ឲ្យ​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ប្រែ​ជា​ក្រៀម​ស្ងួត ហើយ​ធ្វើ​ឲ្យ​ដើម​ឈើ​ក្រៀម​ស្ងួត ត្រឡប់​ជា​មាន​ស្លឹក​ខៀវ​ខ្ចី​វិញ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ដែរ»។

សូមអានជំពូកពេញលេញ អេសេ‌គាល 17