គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 16:54-63 Khmer Standard Version (KHSV)

54. បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​នឹង​បាន​ធូរ​ស្រាល ដោយ​ឃើញ​នាង​ត្រូវ​បាក់​មុខ ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ។

55. ក្រុង​សូដុម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ នឹង​បាន​ដូច​ដើម ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ នឹង​បាន​ដូច​ដើម ហើយ​នាង និង​ស្រុក​ភូមិ​របស់​នាង ក៏​បាន​ដូច​ដើម​ឡើង​វិញ​ដែរ។

56. កាល​នាង​នៅ​មាន​អំនួត នាង​តែង​តែ​មាក់‌ងាយ​សូដុម។

57. គ្រា​នោះ អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ប្រមាថ​មើល‌ងាយ​នាង​ហើយ។ ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​ភីលីស្ទីន ដែល​នៅ​ជិត​ខាង​នាង ក៏​នាំ​គ្នា​មើល‌ងាយ​នាង​ដែរ។

58. នាង​ត្រូវ​រង​នូវ​អំពើ​ថោក​ទាប និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

59. ដូច្នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​តាម​អំពើ​ដែល​នាង​បាន​ប្រព្រឹត្ត គឺ​នាង​បាន​បំភ្លេច​ពាក្យ​សម្បថ ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង។

60. ប៉ុន្តែ យើង​នៅ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​នាង កាល​ពី​នាង​នៅ​ក្មេង ហើយ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​នាង។

61. នាង​នឹង​នឹក​ឃើញ​ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នៅ​ពេល​នាង​ទទួល​បង​ស្រី និង​ប្អូន​ស្រី​ឲ្យ​នៅ​ជា​មួយ នោះ​នាង​នឹង​នឹក​ខ្មាស។ យើង​នឹង​ឲ្យ​នាង​ត្រួត‌ត្រា​លើ​បង​ស្រី និង​ប្អូន​ស្រី តែ​ពួក​គេ​មិន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​នាង​ទេ។

62. យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

63. នាង​នឹង​នឹក​ឃើញ ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើក‌លែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 16