គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 16:47-53 Khmer Standard Version (KHSV)

47. នាង​មិន​ត្រឹម​តែ​យក​តម្រាប់​តាម​ពួក​គេ និង​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ដូច​ពួក​គេ​ប៉ុណ្ណោះ​ទេ គឺ​នាង​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង​អាក្រក់​លើស​ពួក​គេ​ទៅ​ទៀត។

48. យើង​ប្រកាស​ក្នុង​នាម​យើង ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សូដុម​ជា​ប្អូន​ស្រី​របស់​នាង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ ពុំ​បាន​ប្រព្រឹត្ត​ដូច​នាង និង​ស្រុក​ភូមិ​របស់​នាង​ទេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

49. សូដុម ជា​ប្អូន​ស្រី​របស់​នាង មាន​កំហុស​ដូច​ត​ទៅ​នេះ គឺ​សូដុម និង​ស្រុក​ភូមិ​មាន​អំនួត គេ​មាន​អាហារ​បរិភោគ​ហូរ‌ហៀរ គេ​សំងំ​យក​សុខ​តែ​ឯង គឺ​ឥត​រវី‌រវល់​ជួយ​មនុស្ស​ទុគ៌ត និង​ជន​ក្រីក្រ​ឡើយ។

50. សូដុម និង​ស្រុក​ភូមិ​វាយ​ឫក​ខ្ពស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​នៅ​ចំពោះ​មុខ​យើង។ ដូច្នេះ យើង​បាន​លុប​បំបាត់​ពួក​គេ​ពី​ទឹក​ដី​នេះ​ដូច​នាង​ឃើញ​ស្រាប់។

51. រីឯ​អំពើ​បាប​ដែល​សាម៉ារី​ប្រព្រឹត្ត ពុំ​បាន​ពាក់​កណ្ដាល​នៃ​អំពើ​បាប​របស់​នាង​ទេ។ អំពើ​អាក្រក់​ដែល​នាង​ប្រព្រឹត្ត មាន​ចំនួន​ច្រើន​លើស​អំពើ​អាក្រក់​របស់​សាម៉ារី​ទៅ​ទៀត។ បើ​ប្រៀប​ផ្ទឹម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។

52. ដោយ​នាង​បាន​បណ្ដាល​ឲ្យ​បង និង​ប្អូន​ស្រី​របស់​ខ្លួន​ហាក់​ដូច​ជា​គ្មាន​ទោស​ដូច្នេះ នាង​ត្រូវ​បាក់​មុខ​ហើយ ដ្បិត​នាង​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​នាង​ទាំង​ពីរ​ទៅ​ទៀត គឺ​នាង​ទាំង​ពីរ​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ដូច្នេះ ចូរ​អាម៉ាស់​ហើយ​ទ្រាំ‌ទ្រ​នឹង​ការ​បាក់​មុខ​នេះ​ទៅ ដ្បិត​នាង​បណ្ដាល​ឲ្យ​បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​កំហុស​សោះ។

53. យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចម្រុង‌ចម្រើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ​ដែរ។

សូមអានជំពូកពេញលេញ អេសេ‌គាល 16