គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 16:2-20 Khmer Standard Version (KHSV)

2. «កូន​មនុស្ស​អើយ! ចូរ​ប្រាប់​អ្នក​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ដឹង​ពី​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ប្រព្រឹត្ត។

3. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុង​យេរូ‌សាឡឹម​ដូច​ត​ទៅ: នាង​មាន​កំណើត​នៅ​ស្រុក​កាណាន។ ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត។

4. នៅ​ថ្ងៃ​ដែល​នាង​កើត គេ​មិន​បាន​កាត់​ផ្ចិត​នាង​ទេ គេ​មិន​បាន​យក​ទឹក​មក​លាង​សម្អាត​នាង គេ​មិន​បាន​យក​អំបិល មក​លាប​នាង ហើយ​គេ​ក៏​មិន​បាន​យក​សំពត់​មក​រុំ​នាង​ដែរ។

5. គ្មាន​នរណា​យក​ភ្នែក​មើល​នាង​ទេ ហើយ​ក៏​គ្មាន​នរណា​ថែ​ទាំ​នាង​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​នាង​កើត គេ​ស្អប់​ខ្ពើម​នាង ហើយ​យក​នាង​ទៅ​បោះ​ចោល​នៅ​វាល​ស្រែ។

6. យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​កំពុង​តែ​បម្រះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង!

7. យើង​បាន​ធ្វើ​ឲ្យ​នាង​ចម្រើន​ឡើង ដូច​ដំណាំ​លូត​លាស់​នៅ​តាម​ចម្ការ។ នាង​ក៏​បាន​ចម្រើន​ធំ​ឡើង​ពេញ​រូប​ពេញ​រាង មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ នាង​គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ទេ។

8. យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូ‌ស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទ‌បាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង ដើម្បី​ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

9. យើង​បាន​យក​ទឹក​មក​លាង​នាង ហើយ​ជម្រះ​ឈាម​ដែល​ប្រឡាក់​រូប​កាយ​នាង រួច​ចាក់​ប្រេង​ក្រអូប​លាប​នាង​ទៀត​ផង។

10. យើង​បាន​ឲ្យ​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​ឲ្យ​នាង​ដែរ។

11. យើង​យក​គ្រឿង​អលង្ការ​មក​ពាក់​ឲ្យ​នាង គឺ​មាន​ខ្សែ​ដៃ ខ្សែ​ក

12. ក្រវិល​ទំហូ និង​មកុដ​ដ៏​ភ្លឺ​ផ្លេក។

13. នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី។

14. កេរ្តិ៍​ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​សុស‌សាយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រោះ​នាង​មាន​សម្ផស្ស​ល្អ​ឥត​ខ្ចោះ និង​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដែល​យើង​ប្រគល់​ឲ្យ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. ប៉ុន្តែ នាង​អួត‌អាង​លើ​រូប​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ ហើយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា ដោយ​ប្រគល់​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​មុខ​នាង។

16. នាង​យក​សម្លៀក‌បំពាក់​របស់​នាង ជា​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ចំរុះ​ពណ៌ ទៅ​តាក់​តែង​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​នៅ​ទី​នោះ - ពី​មុន​ក្ដី នៅ​ពេល​ខាង​មុខ​ក្ដី មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ -។

17. នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់​ដែល​យើង​ឲ្យ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​រូប​ទាំង​នោះ។

18. នាង​យក​អាវ​ប៉ាក់​របស់​នាង​ទៅ​ដណ្ដប់​រូប​ទាំង​នោះ ព្រម​ទាំង​យក​ប្រេង និង​គ្រឿង​ក្រអូប​របស់​យើង ទៅ​លាប​ឲ្យ​ផង។

19. រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ដ ប្រេង និង​ទឹក​ឃ្មុំ ដែល​យើង​ចែក​ឲ្យ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការ‌បូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

20. នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យា‌ចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង ទៅ​ធ្វើ​យញ្ញ‌បូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង!

សូមអានជំពូកពេញលេញ អេសេ‌គាល 16