គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 14:2-14 Khmer Standard Version (KHSV)

2. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

3. «កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​ឬ?

4. ចូរ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​អ៊ីស្រា‌អែល អ្នក​ណា​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ឆ្លើយ​ទៅ​គេ​វិញ តាម​ចំនួន​ព្រះ​ក្លែង‌ក្លាយ​ដែល​គេ​គោរព។

5. ចម្លើយ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​គ្នា។

6. ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ ហើយ​ងាក​ចេញ​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត!

7. ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ងាក​ចេញ​ឆ្ងាយ​ពី​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី​ទស្សន៍‌ទាយ យើង​ដែល​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។

8. យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សម្រាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

9. ប្រសិន​បើ​ព្យាការី​ចាញ់​ការ​ល្បួង​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជា​ព្រះ‌អម្ចាស់​បាន​បណ្ដោយ​ឲ្យ​ព្យាការី​នោះ​ចាញ់​ការ​ល្បួង។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

10. ព្យាការី និង​អ្នក​ទៅ​រក​ព្យាការី​ទស្សន៍‌ទាយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​បាប​តែ​មួយ។

11. ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ហើយ​លែង​សៅហ្មង​ដោយ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ទៀត​ហើយ។ ពេល​នោះ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

13. «កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​ឲ្យ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។

14. ទោះ​បី​នៅ​ស្រុក​នោះ មាន​ណូអេ ដានី‌យ៉ែល និង​យ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 14