គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 14:11-23 Khmer Standard Version (KHSV)

11. ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ហើយ​លែង​សៅហ្មង​ដោយ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ទៀត​ហើយ។ ពេល​នោះ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

13. «កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​ឲ្យ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។

14. ទោះ​បី​នៅ​ស្រុក​នោះ មាន​ណូអេ ដានី‌យ៉ែល និង​យ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. ប្រសិន​បើ​យើង​ឲ្យ​សត្វ​សាហាវ​ចូល​មក​ក្នុង​ស្រុក ប្រល័យ​ជីវិត​អ្នក​ស្រុក និង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ ព្រោះ​ខ្លាច​សត្វ​ទាំង​នោះ

16. ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ ហើយ​ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

17. ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​ឲ្យ​កង‌ទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ

18. ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

19. ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​ក្នុង​ស្រុក​នេះ ដើម្បី​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ

20. ទោះ​បី​មាន​ណូអេ ដានី‌យ៉ែល និង​យ៉ូប​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ -។

21. ពិត​មែន​ហើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាត‌ត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្ដី

22. ក៏​មាន​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​នៅ​សេស‌សល់​ដែរ។ ខ្មាំង​នឹង​កៀរ​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ឃើញ​របៀប​ដែល​គេ​រស់​នៅ ព្រម​ទាំង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត ចំពោះ​ទុក្ខ​វេទនា​ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម។

23. អ្នក​ទាំង​នោះ​នឹង​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា តាម​របៀប​ដែល​គេ​រស់​នៅ និង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ក្រុង​នេះ​មិន​មែន​ឥត​មូល​ហេតុ​ទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 14