គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 13:7-16 Khmer Standard Version (KHSV)

7. និមិត្ត‌ហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។

8. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

9. ពួក​ព្យាការី​ក្លែង‌ក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។

10. ព្យាការី​ទាំង​នោះ​បាន​នាំ​ប្រជា‌ជន​របស់​យើង​ឲ្យ​វង្វេង ដោយ​ពោល​ថា មាន​សន្តិ‌ភាព​ហើយ! តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ។ ប្រជា‌ជន​របស់​យើង​សង់​ជញ្ជាំង ហើយ​ព្យាការី​ទាំង​នោះ​នាំ​គ្នា​បូក​បាយ‌អ​ពី​លើ។

11. ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។

12. ពេល​ជញ្ជាំង​រលំ គេ​នឹង​សួរ​អ្នក​រាល់​គ្នា តើ​បាយ‌អ​ដែល​អ្នក​រាល់​គ្នា​បូក​នោះ​ទៅ​ណា​បាត់​ហើយ?»។

13. ហេតុ​នេះ​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យុះ​បក់​បោក​មក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង តាម​កំហឹង​របស់​យើង ព្រឹល​នឹង​ធ្លាក់​ចុះ​មក​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជញ្ជាំង​រលំ។

14. យើង​នឹង​កម្ទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយ‌អ​ពី​លើ យើង​នឹង​ធ្វើ​ឲ្យ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

15. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយ‌អ តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយ‌អ

16. គ្មាន​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទស្សន៍‌ទាយ​អំពី​ក្រុង​យេរូ‌សាឡឹម និង​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ដែល​ថា​ក្រុង​នេះ​នឹង​មាន​សន្តិ‌ភាព តែ​គ្មាន​សន្តិ‌ភាព​សោះ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 13