គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 13:13-23 Khmer Standard Version (KHSV)

13. ហេតុ​នេះ​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យុះ​បក់​បោក​មក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង តាម​កំហឹង​របស់​យើង ព្រឹល​នឹង​ធ្លាក់​ចុះ​មក​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជញ្ជាំង​រលំ។

14. យើង​នឹង​កម្ទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយ‌អ​ពី​លើ យើង​នឹង​ធ្វើ​ឲ្យ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

15. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយ‌អ តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយ‌អ

16. គ្មាន​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទស្សន៍‌ទាយ​អំពី​ក្រុង​យេរូ‌សាឡឹម និង​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ដែល​ថា​ក្រុង​នេះ​នឹង​មាន​សន្តិ‌ភាព តែ​គ្មាន​សន្តិ‌ភាព​សោះ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

17. កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជា‌ជន​របស់​អ្នក ដែល​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ!

18. ចូរ​ពោល​ទៅ​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ ដែល​វេញ​អំបោះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឆ្នួត​ឲ្យ​ប្រជា‌ជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជា‌ជន​របស់​យើង ហើយ​នឹក​ស្មាន​ថា​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ?

19. ពួក​នាង​បន្ថោក​យើងនៅ​ចំពោះ​មុខ​ប្រជា‌ជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្តាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជា‌ជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន​ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​ឲ្យ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។

20. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ប្រឆាំង​នឹង​អំបោះ ដែល​ពួក​នាង​ប្រើ​សម្រាប់​ខាប​ព្រលឹង។ យើង​នឹង​យក​អំបោះ​ទាំង​នោះ​ចេញ​ពី​ដៃ​របស់​ពួក​នាង ហើយ​ដោះ​លែង​ព្រលឹង​ដែល​ពួក​នាង​ចាប់​យក​មក​ឃុំ‌ឃាំង។

21. យើង​នឹង​ហែក​ឆ្នួត​របស់​ពួក​នាង ព្រម​ទាំង​ដោះ​លែង​ប្រជា‌ជន​របស់​យើង​ពី​កណ្ដាប់​ដៃ​ពួក​នាង ហើយ​ពួក​នាង​មិន​អាច​ចាប់​ពួក​គេ ទុក​ជា​រំពា​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​ឡើយ។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

22. ដោយ‌សារ​ពាក្យ​កុហក ពួក​នាង​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​សុចរិត ដែល​យើង​ពុំ​បាន​ធ្វើ​ឲ្យ​ពិបាក​ចិត្ត។ ពួក​នាង​លើក​ទឹក​ចិត្ត​មនុស្ស​អាក្រក់ ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់​ត​ទៅ​ទៀត មិន​ឲ្យ​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ដើម្បី​ទទួល​ជីវិត​ឡើយ។

23. ពួក​នាង​នឹង​លែង​ប្រឌិត​និមិត្ត‌ហេតុ​ដ៏​ឥត​បាន​ការ ហើយ​ក៏​លែង​ទស្សន៍‌ទាយ​ទៀត​ដែរ។ យើង​នឹង​ដោះ​លែង​ប្រជា‌រាស្ត្រ​របស់​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​នាង។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 13