គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 13:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

2. «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ព្រះ‌បន្ទូល ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ចូរ​ប្រាប់​ពួក​ព្យាការី​ដែល​បាន​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។

3. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ព្យាការី​ល្ងី‌ល្ងើ​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ! អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន គឺ​ឥត​បាន​ឃើញ​និមិត្ត‌ហេតុ​ពី​ព្រះ‌ជាម្ចាស់​ឡើយ។

4. ឱ​អ៊ីស្រា‌អែល​អើយ ព្យាការី​របស់​អ្នក​ប្រៀប​បាន​នឹង​កញ្ជ្រោង ដែល​រស់​នៅ​តាម​គំនរ​បាក់​បែក!

5. ព្យាការី​ក្លែង‌ក្លាយ​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​ជួស‌ជុល​កំពែង​ធ្លុះ‌ធ្លាយ អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​របង ដើម្បី​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ការពារ​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ព្រះ‌ពិរោធ​ទេ។

6. អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់” តែ​ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សម្រេច​ជា​រូប​រាង។

7. និមិត្ត‌ហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។

8. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 13