គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 12:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

2. «កូន​មនុស្ស​អើយ! អ្នក​រស់​នៅ​ក្នុង​ចំណោម​ពូជ​អ្នក​បះ‌បោរ។ ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

3. កូន​មនុស្ស​អើយ ចូរ​រៀបចំ​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ហើយ​ចេញ​ពី​ផ្ទះ​ទាំង​ថ្ងៃ​ឲ្យ​ពួក​គេ​ឃើញ​គ្រប់ៗ​គ្នា។ ធ្វើ​ដូច្នេះ ប្រហែល​ជា​ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

4. អ្នក​ត្រូវ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច​ទាំង​ថ្ងៃ ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ឲ្យ​គេ​ឃើញ​គ្រប់​គ្នា។ ដល់​ពេល​ល្ងាច​ត្រូវ​ចេញ​ដំណើរ​ទៅ​ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។

5. ចូរ​ទម្លុះ​កំពែង​ឲ្យ​គេ​ឃើញ រួច​បញ្ចេញ​បង្វេច​តាម​ប្រឡោះ​នោះ។

6. ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​ឲ្យ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​ឲ្យ​អ្នក​ឃើញ​ថា​អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល»។

7. ខ្ញុំ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ នៅ​ពេល​ល្ងាច ខ្ញុំ​ទម្លុះ​កំពែង​ក្រុង​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ងងឹត ទាំង​ស្ពាយ​បង្វេច​ឲ្យ​ពួក​គេ​ឃើញ​ទាំង​អស់​គ្នា។

8. លុះ​ព្រឹក​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

9. «កូន​មនុស្ស​អើយ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​ជា​ពូជ​បះ‌បោរ​នេះ មុខ​ជា​សួរ​អ្នក​ថា “តើ​លោក​ធ្វើ​អ្វី?”

10. ត្រូវ​តប​ទៅ​ពួក​គេ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។

11. ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

សូមអានជំពូកពេញលេញ អេសេ‌គាល 12