គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 11:9-22 Khmer Standard Version (KHSV)

9. យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។

10. អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

11. ក្រុង​នេះ​មិន​មែន​ជា​ឆ្នាំង​សម្រាប់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​សាច់​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល។

12. នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ អ្នក​រាល់​គ្នា​ពុំ​បាន​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​របស់​យើង​ដែរ តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ទម្លាប់​តាម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ»។

13. ពេល​ខ្ញុំ​កំពុង​ថ្លែង​ព្រះ‌បន្ទូល​ទាំង​នេះ លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ! ព្រះ‌អង្គ​មុខ​ជា​ប្រល័យ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ ឲ្យ​វិនាស​សូន្យ​មិន​ខាន!»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

15. «កូន​មនុស្ស​អើយ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បង‌ប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។

16. ចូរ​ប្រាប់​បង‌ប្អូន​របស់​អ្នក​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្ដី ក៏​យើង​នឹង​ធ្វើ​ជា​ទី‌សក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”។

17. ចូរ​ប្រាប់​ពួក​គេ​ទៀត​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​កណ្ដាល​ចំណោម​ជាតិ​សាសន៍​នានា​មក​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​យើង​នឹង​ប្រគល់​ទឹក​ដី​អ៊ីស្រា‌អែល​ឲ្យ​អ្នក​រាល់​គ្នា”។

18. ពួក​គេ​នឹង​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ដក​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ចេញ​ពី​ទឹក​ដី​នេះ។

19. យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ យើង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់​វិញ

20. ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ក៏​ទៅ​ជា​ព្រះ​របស់​ពួក​គេ។

21. រីឯ​អស់​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​វិញ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

22. ពួក​ចេរូប៊ីន*​ទទះ​ស្លាប​ហោះ ហើយ​កង់​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​លើ​ចេរូប៊ីន​ទាំង​នោះ។

សូមអានជំពូកពេញលេញ អេសេ‌គាល 11