គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 10:10-21 Khmer Standard Version (KHSV)

10. កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។

11. ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​អាច​វិល​ទៅ​ទិស​ទាំង​បួន ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ចេរូប៊ីន​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ។

12. រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ចេរូប៊ីន​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាស‌ពេញ​ដែរ។

13. ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។

14. ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ចេរូប៊ីន មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។

15. ពួក​ចេរូប៊ីន​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។

16. ពេល​ចេរូប៊ីន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ចេរូប៊ីន​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។

17. ពេល​ចេរូប៊ីន​ឈប់ កង់​ក៏​ឈប់ ពេល​ចេរូប៊ីន​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

18. សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ចេរូប៊ីន។

19. ខ្ញុំ​ឃើញ​ចេរូប៊ីន​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​លើ​ចេរូប៊ីន ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

20. ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្បែរ​ទន្លេ​កេបារ គឺ​ចេរូប៊ីន​នេះ​ឯង។

21. ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់​ទ្រាយ​ដូច​ដៃ​មនុស្ស។

សូមអានជំពូកពេញលេញ អេសេ‌គាល 10