ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 10 Khmer Standard Version (KHSV)

លោក​អេសេ‌គាល​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី

1. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ចេរូប៊ីន*។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ចេរូប៊ីន ហើយ​យក​រងើក​ភ្លើង ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន​ពេញ​មួយ​ក្បង់​ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។ខ្ញុំ​ក៏​ឃើញ​បុរស​នោះ​ចូល​ទៅ។

3. ពេល​គាត់​ទៅ​ដល់ ពួក​ចេរូប៊ីន​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។

4. សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​លើ​ពួក​ចេរូប៊ីន ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះ‌ដំណាក់ ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់។

5. សន្ធឹក​ស្លាប​របស់​ពួក​ចេរូប៊ីន លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សូរ‌ស័ព្ទ​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

6. ព្រះ‌អម្ចាស់​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​ដូច​ត​ទៅ៖ «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ចេរូប៊ីន​មក!»។ បុរស​នោះ​ក៏​ទៅ​ឈរ​ក្បែរ​កង់។

7. ពេល​នោះ ចេរូប៊ីន​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរស​នោះ។ គាត់​ក៏​ទទួល​យក រួច​ចេញ​ទៅ។

8. នៅ​ក្រោម​ស្លាប​របស់​ពួក​ចេរូប៊ីន មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។

9. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ចេរូប៊ីន គឺ​នៅ​ក្បែរ​ចេរូប៊ីន​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។

10. កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។

11. ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​អាច​វិល​ទៅ​ទិស​ទាំង​បួន ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ចេរូប៊ីន​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ។

12. រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ចេរូប៊ីន​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាស‌ពេញ​ដែរ។

13. ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។

14. ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ចេរូប៊ីន មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។

15. ពួក​ចេរូប៊ីន​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។

16. ពេល​ចេរូប៊ីន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ចេរូប៊ីន​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។

17. ពេល​ចេរូប៊ីន​ឈប់ កង់​ក៏​ឈប់ ពេល​ចេរូប៊ីន​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

18. សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ចេរូប៊ីន។

19. ខ្ញុំ​ឃើញ​ចេរូប៊ីន​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​លើ​ចេរូប៊ីន ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

20. ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្បែរ​ទន្លេ​កេបារ គឺ​ចេរូប៊ីន​នេះ​ឯង។

21. ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់​ទ្រាយ​ដូច​ដៃ​មនុស្ស។

22. ចេរូប៊ីន​ទាំង​នោះ​មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ចេរូប៊ីន​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។