គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 1:4-21 Khmer Standard Version (KHSV)

4. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះ‌ត្រចង់។

5. នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។

6. សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។

7. ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។

8. នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។

9. ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជា‌និច្ច ឥត​ងាក​រេ​ឡើយ។

10. សត្វ​នីមួយៗ​មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិន‌ភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។

11. ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​រូប​កាយ។

12. សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ។

13. នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។

14. សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។

15. ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។

16. កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។

17. ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។

18. កង់​នោះ​មាន​កំពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​នៅ​ពាស‌ពេញ។

19. ពេល​សត្វ​ទាំង​បួន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។

20. សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

21. ពេល​សត្វ​ទៅ​មុខ កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់ កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

សូមអានជំពូកពេញលេញ អេសេ‌គាល 1