គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 1:14-26 Khmer Standard Version (KHSV)

14. សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។

15. ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។

16. កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។

17. ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។

18. កង់​នោះ​មាន​កំពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​នៅ​ពាស‌ពេញ។

19. ពេល​សត្វ​ទាំង​បួន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។

20. សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

21. ពេល​សត្វ​ទៅ​មុខ កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់ កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។

22. នៅ​លើ​ក្បាល​សត្វ​នីមួយៗ​មាន​ដូច​ជា​លំហ​អាកាស ដែល​ចាំង​ពន្លឺ​រស្មី​ដ៏​ភ្លឺ​ថ្លា​ពី​លើ​ក្បាល​សត្វ​ទាំង​នោះ។

23. នៅ​ក្រោម​លំហ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​សំកាំង​យ៉ាង​ត្រង់​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​ជុំ‌វិញ​ខ្លួន។

24. ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរ‌ស័ព្ទ​មហា​សាគរ និង​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ដូច​សន្ធឹក​កង‌ទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។

25. មាន​សំឡេង​មួយ​លេច​ឮ​ពី​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​បួន នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ទម្លាក់​ស្លាប​ចុះ។

26. នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។

សូមអានជំពូកពេញលេញ អេសេ‌គាល 1