គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 9:8-21 Khmer Standard Version (KHSV)

8. ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោសប្រជា‌ជន​នៅ​ក្នុង​រាជា​ណាចក្រ​អ៊ីស្រា‌អែលដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប។

9. ប្រជា‌ជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រាអ៊ីមនិង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹងហើយ​នាំ​គ្នា​និយាយ​អួត​ក្អេង‌ក្អាង​ថា៖

10. «អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយយើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញគេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែងតែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹកមក​ជំនួស​វិញ!»។

11. ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីនឲ្យ​មក​វាយ​លុក​ពួក​គេព្រះ‌អង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ

12. ជន‌ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើតហើយ​ជន‌ជាតិ​ភីលីស្ទីន​ពី​ខាង​លិច។ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រា‌អែល។ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដីក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែលគឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

13. ទោះ​បី​ព្រះ‌អម្ចាស់​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដីក៏​ប្រជា‌ជន​អ៊ីស្រា‌អែល​ពុំ​ព្រម​វិល​មក​រកព្រះ‌អង្គ​ដែរ ពួក​គេ​ពុំ​ស្វែង​រក ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។

14. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ដាក់​ទោស​អ៊ីស្រា‌អែល​ក្នុង​ថ្ងៃ​តែ​មួយគឺ​ព្រះ‌អង្គ​កាត់​ទាំង​ក្បាល ទាំង​កន្ទុយទាំង​អ្នក​ចេះ ទាំង​អ្នក​ខ្លៅ

15. ក្បាល​គឺ​ពួក​ព្រឹទ្ធា‌ចារ្យ និង​អ្នក​មុខ​អ្នក​ការរីឯ​កន្ទុយ គឺ​ព្យាការី​ដែល​ជា​គ្រូ​ក្លែង‌ក្លាយ។

16. ពួក​មេ​ដឹក​នាំ​ដែល​បាន​ធ្វើ​ឲ្យប្រជា‌ជន​នេះ​វង្វេងហើយ​អស់​អ្នក​ដែល​ត្រូវ​គេ​ដឹក​នាំក៏​វិនាស​អន្តរាយ​ដែរ។

17. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយព្រះ‌អង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រានិង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡនិង​ជា​មនុស្ស​ពាល។មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដីក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែលគឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

18. អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹងភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។

19. ដោយ‌សារ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំងទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បង‌ប្អូន​របស់​ខ្លួន​ទេ។

20. ប្រជា‌ជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំគេ​នៅ​តែ​ឃ្លាន ងាក​ទៅ​ត្របាក់​ខាង​ឆ្វេងក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែលដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី

21. គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រាអ៊ីមអេប្រាអ៊ីម​ស៊ី​សាច់​ម៉ាណា‌សេហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដាប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដីក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែលគឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

សូមអានជំពូកពេញលេញ អេសាយ 9