6. ចូរងើបមុខឡើងសម្លឹងទៅលើមេឃរួចក្រឡេកមើលមកផែនដីនេះផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែងផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិតតែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរអស់កល្បជានិច្ចហើយសេចក្ដីសុចរិតរបស់យើងនឹងមិនសាបសូន្យឡើយ។
7. អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិតប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើងដោយចិត្តស្មោះអើយចូរនាំគ្នាស្ដាប់យើង!មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយហើយក៏មិនត្រូវចុះចាញ់ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
8. ដ្បិតពួកគេនឹងត្រូវវិនាសដូចសម្លៀកបំពាក់ និងរោមចៀមត្រូវកណ្ដៀរស៊ីបំផ្លាញតែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
9. ឱព្រះអម្ចាស់អើយ សូមក្រោកឡើង!សូមក្រោកឡើង សម្តែងព្រះបារមី!សូមតើនឡើង ដូចនៅជំនាន់ដើម!កាលពីបុរាណ ព្រះបារមីព្រះអង្គបានប្រហារស្រុកអេស៊ីបនិងចាក់ទម្លុះសត្វដ៏សំបើមនោះ។
10. ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួតព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែលព្រះអង្គបានលោះ ដើរឆ្លងកាត់។
11. ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះនឹងដើរត្រឡប់មកស្រុកវិញពួកគេមកដល់ក្រុងស៊ីយ៉ូនទាំងស្រែកហ៊ោយ៉ាងសប្បាយ។ទឹកមុខរបស់ពួកគេពោរពេញដោយអំណររកអ្វីប្រៀបស្មើពុំបានពួកគេសប្បាយរីករាយឥតឧបមាដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរលែងមានទៀតហើយ។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា:គឺយើងនេះហើយដែលសម្រាលទុក្ខអ្នករាល់គ្នាហេតុអ្វីបានជាអ្នកភ័យខ្លាចមនុស្សដែលតែងតែស្លាប់?មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
13. អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នកគឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃនិងចាក់គ្រឹះនៃផែនដី។រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខមនុស្សដែលសង្កត់សង្កិនហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ពួកគេពុំអាចគំរាមកំហែងអ្នករហូតតទៅឡើយ។
14. បន្តិចទៀត អ្នកជាប់ឃុំឃាំងនឹងមានសេរីភាពគេមិនត្រូវស្លាប់នៅក្នុងគុកនោះទេគេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។
15. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងធ្វើឲ្យសមុទ្រកក្រើកព្រមទាំងធ្វើឲ្យទឹករលកបក់បោកយើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16. យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើងយើងលាតដៃធ្វើជាម្លប់ការពារអ្នកដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដីហើយពោលទៅកាន់អ្នកក្រុងថា“អ្នកជាប្រជាជនរបស់យើង”។
17. យេរូសាឡឹមអើយចូរភ្ញាក់រលឹក ចូរក្រោកឡើង!អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់អ្នកបានផឹកព្រះពិរោធពីពែងនេះរហូតដល់តំណក់ចុងក្រោយគឺរហូតដល់បាត់ស្មារតី!
18. ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមកគ្មាននរណាម្នាក់ដឹកនាំអ្នកសោះក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹមគ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។
19. ទុក្ខវេទនាពីរយ៉ាងបានកើតមានចំពោះអ្នកផ្ទួនៗគ្នាគឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទីទុរ្ភិក្ស និងសង្គ្រាមតែគ្មាននរណាអាណិតអាសូរអ្នកគ្មាននរណាសម្រាលទុក្ខអ្នកសោះ។