គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 49:15-26 Khmer Standard Version (KHSV)

15. តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួនដែល​នៅ​បៅ​បាន​ឬ?តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែលកើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ?ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះចំណែក​ឯ​យើង​វិញយើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!

16. យើង​បាន​ចារ​ឈ្មោះ​អ្នកនៅ​លើ​បាត​ដៃ​របស់​យើងហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែងរបស់​អ្នក​ជា‌និច្ច។

17. ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញកំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មករីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នកនឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។

18. ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅកូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយគេ​នាំ​គ្នា​មក​រក​អ្នក។យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន!- នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់-អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការសម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួននៅ​ពេល​រៀប​មង្គលការ។

19. ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំហើយ​មាន​តែ​គំនរ​បាក់​បែក​នេះមុខ​ជា​មាន​ប្រជា‌ជន​មក​រស់​នៅ​កក‌កុញឥត​សល់​កន្លែង​ទំនេរ​ឡើយរីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុននឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។

20. អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយតែ​ឥឡូវ​នេះ អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា“ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

21. ពេល​នោះ អ្នក​នឹង​រិះគិត​ថាតើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំដ្បិត​ពី​មុន ខ្ញុំ​បាត់​បង់​កូន​អស់​ហើយខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែកដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ?ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯងចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?

22. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជា‌ជាតិ​នានាយើង​លើក​ទង់​របស់​យើង​ឡើងឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ឃើញគេ​នឹង​បី​កូន​ប្រុសៗ​របស់​អ្នកហើយ​បញ្ជិះ​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មានាំ​ត្រឡប់​មក​វិញ។

23. គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេចហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រីស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នកអោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើងនឹង​មិន​ខក​ចិត្ត​ឡើយ។

24. អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយតើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន?រីឯ​អ្នក​ដែល​ជន​កំណាចចាប់​យក​ទៅ​ហើយតើ​នរណា​អាច​រំដោះ​បាន?

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញរឹប​អូស​យក​ទៅមុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បានរីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​ដែរ។យើង​នឹង​រក​រឿង​បច្ចា‌មិត្ត​ដែល​រក​រឿង​អ្នកហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។

26. យើង​នឹង​ឲ្យ​ពួក​សង្កត់‌សង្កិន​អ្នកស៊ី​សាច់​ខ្លួន​ឯងហើយ​ឲ្យ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួនដូច​ផឹក​ស្រា​ថ្មី។ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថាយើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ដែល​សង្គ្រោះ និង​លោះ​អ្នកយើង​ជា​ព្រះ​របស់​យ៉ាកុបជា​ព្រះ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។

សូមអានជំពូកពេញលេញ អេសាយ 49