គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 42:17-25 Khmer Standard Version (KHSV)

17. រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួនមុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។

18. មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង!មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែកហើយ​មើល​ឃើញ​ទៅ!

19. តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើងតើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យដែល​យើង​ចាត់​ឲ្យ​មក?តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើងស្រោច​ស្រង់​ឡើង​វិញគឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់?

20. អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើនតែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេអ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។

21. ដោយ​ព្រះ‌អម្ចាស់​សុចរិតព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ព្រះ‌អង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

22. ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេតែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេតែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះឲ្យ​ពួក​គេ​វិញ​ដែរ។

23. ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណាត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ?ទៅ​អនាគត តើ​មាន​នរណាយក​ចិត្ត​ទុក​ដាក់​ស្ដាប់?

24. តើ​នរណា​បាន​ប្រគល់​ពូជ‌ពង្ស​លោក​យ៉ាកុបទៅ​ឲ្យ​ខ្មាំង​រឹប​អូស?តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រា‌អែលទៅ​ឲ្យ​ខ្មាំង​ប្លន់​ដូច្នេះ?គឺ​ព្រះ‌អម្ចាស់​ដែល​ធ្វើ​ដូច្នេះព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គយើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

25. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធមក​លើ​ស្រុក​អ៊ីស្រា‌អែលដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើងឆេះ​រាល‌ដាល​គ្រប់​ទិស‌ទី។ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដីក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួនហើយ​ទោះ​បី​គេ​ហិន‌ហោច​យ៉ាង​នេះ​ក្ដីក៏​គេ​ពុំ​អើពើ​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 42