ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 36 Khmer Standard Version (KHSV)

ស្ដេច​ស្រុក​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម

1. នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ នៅ​ស្រុក​យូដា។

2. បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេ‌ទ័ព​មួយ​រូប​ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។

3. ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ‌វាំង ចេញ​ទៅ​ជួប​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នោះ ដោយ​មាន​លោក​សេបណា​ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា​ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។

4. មេ‌ទ័ព​របស់​ព្រះចៅ​សានហេ‌រីប​ពោល​ថា៖ «សូម​អស់​លោក​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ដូច​ត​ទៅ: ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា តើ​ព្រះ‌ករុណា​មាន​អ្វី​បាន​ជា​មាន​ព្រះ‌ហឫទ័យ​អង់‌អាច​បែប​នេះ?

5. ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

6. ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។

7. ព្រះ‌ករុណា ប្រហែល​ជា​មាន​រាជ‌ឱង្ការ​មក​យើង​ថា “ពួក​យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ ព្រះ‌ករុណា​បាន​បញ្ជា​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​មួយ​នោះ មែន​ឬ​មិន​មែន?

8. ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!

9. សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង ទោះ​បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក៏​ដោយ។

10. មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កម្ទេច​ស្រុក​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បង្គាប់​ឲ្យ​យើង​មក​វាយ​កម្ទេច​ស្រុក​នេះ»។

11. ពេល​នោះ លោក​អេលា‌គីម លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អើរ៉ាម​មក ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។

12. មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ព្រះ‌មហា‌ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯងដូច​អស់​លោក​ដែរ»។

13. បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ឈរ​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី ដូច​ត​ទៅ:

14. ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា: កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត

15. កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា “ព្រះ‌អម្ចាស់ពិត​ជា​រំដោះ​យើង ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

16. កុំ​ស្ដាប់​ស្ដេច​ហេសេ‌គា​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ

17. រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ”។

18. កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើង”​នោះ​ឡើយ ដ្បិត​ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​បាន​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ!

19. តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត ព្រះ​របស់​ក្រុង​អើផាឌ ព្រះ​របស់​ពួក​សេផា‌វែម ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?

20. ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ‌អម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ដែរ!»។

21. ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះ‌បាទ​ហេ‌សេគា បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។

22. លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ‌រាជា នាំ​គ្នា​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ថ្វាយ​ព្រះ‌រាជា​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។