គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:1-14 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:កូនៗ​ដែល​ចេះ​តែ​បះ‌បោរមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ពួក​គេ​បាន​ធ្វើ​តាម​គម្រោង‌ការដែល​យើង​មិន​បាន​គ្រោង​ទុកពួក​គេ​បាន​ចង​សម្ពន្ធ‌មិត្តផ្ទុយ​ពី​ឆន្ទៈ​របស់​យើងពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។

2. ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីបដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោនពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។

3. ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោននឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​អាម៉ាស់ការ​ជ្រក​កោន​ក្រោម​ម្លប់​របស់​ស្រុក​អេស៊ីបនឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បាក់​មុខ​ជា​មិន​ខាន!

4. ពួក​រដ្ឋ​មន្ត្រី​របស់​អ្នក​រាល់​គ្នាទៅ​ដល់​ក្រុង​សូអាន​ហើយទូត​របស់​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ហានេស

5. តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្តដោយ​ឃើញ​ថា​ប្រជា‌ជន​អេស៊ីបពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេគឺ​ជន‌ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ!ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​ឲ្យ​ពួក​គេ​ត្រូវអាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។

6. សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ វាល​រហោ‌ស្ថាន​ណេកិប:ពួក​គេ​ឆ្លង​កាត់​វាល​ហួត‌ហែង​គួរ​ឲ្យ​ព្រឺ​ខ្លាចជា​កន្លែង​ដែល​មាន​សត្វ​សិង្ហមាន​ពស់​វែក និង​មាន​នាគ​ហោះពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃលើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋយក​ទៅ​ឲ្យ​ប្រជា‌ជាតិ​មួយ​ដែល​ពុំ​អាចផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។

7. ជំនួយ​របស់​ស្រុក​អេស៊ីបគ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះគឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើងតែ​មិន​បាន​ការ​អ្វី»។

8. ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្មហើយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរនៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូ‌សាឡឹមទុក​ជា​ឯក‌សារ​ទៅ​អនាគតទុក​ជា​ភស្ដុតាង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

9. ប្រជា‌ជន​នេះ​ជា​ប្រជា‌ជន​ដែល​ចេះ​តែ​បះ‌បោរពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​ទេ។

10. គេ​បំបិទ​មាត់​ហោរា​ថា “កុំ​ទាយ​អី”ហើយ​ប្រាប់​គ្រូ​ទស្សន៍‌ទាយ​ថា“កុំ​ទស្សន៍‌ទាយ​ការ​ពិតចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើនិង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!

11. ចូរ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវចូរ​ឃ្លាត​ចាក​ពី​គន្លង​ធម៌កុំ​និយាយ​អំពី​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិអ៊ីស្រា‌អែល​ប្រាប់​យើង​ទៀត!”។

12. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិអ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖អ្នក​រាល់​គ្នា​បដិសេធ​មិន​ទទួល​ពាក្យ​របស់​យើងហើយ​បែរ​ទៅ​ពឹង​ផ្អែក​លើអំណាច​ផ្ដាច់​ការ និង​កល‌ល្បិច។

13. អំពើ​អាក្រក់​នេះ​នឹង​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នាវិនាស​សូន្យ​ដោយ​មិន​ដឹង​ខ្លួនដូច​ស្នាម​នៅ​លើ​កំពែង​ដ៏​ខ្ពស់ធ្វើ​ឲ្យ​កំពែង​ប្រេះ​រលំ​ភ្លាម​មួយ​រំពេច។

14. កំពែង​នោះ​នឹង​រលំ​ខ្ទេច‌ខ្ទីដូច​ក្អម​ដី​ដែល​ជាង​ស្មូន​បោក​កម្ទេចគ្មាន​អំបែង​ណា​មួយ​នៅ​ធំ​ទេ គឺ​សូម្បី​យក​ទៅប្រើ​សម្រាប់​កាយ​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រានឬ​ដួស​ទឹក​ពាង​ក៏​មិន​បាន​ផង។

សូមអានជំពូកពេញលេញ អេសាយ 30