គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 28:8-19 Khmer Standard Version (KHSV)

8. តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​ឲ្យ​ខ្ពើមគឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។

9. គេ​ពោល​ថា:«អេសាយ​នេះ​ចង់​បង្រៀន​អ្វី?តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ប្រាប់​នរណា?តើ​គាត់​ចង់​បង្ហាត់​បង្រៀនកូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះកូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

10. គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី…អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!”»

11. ពិត​មែន​ហើយ! ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូលមក​កាន់​ប្រជា‌ជន​នេះដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បានព្រះ‌អង្គ​នឹង​យក​ភាសា​ដទៃ​ទៀតមក​និយាយ​ជា​មួយ​ពួក​គេ។

12. ព្រះ‌អង្គ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា“ទុក​ឲ្យ​អ្នក​ហត់​នឿយមក​រក​សម្រាក​លំហែ​កាយ​ចុះ”តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គ​ទេ។

13. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេ ដូច​បង្ហាត់​កូន​ក្មេង​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។

14. មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹមដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ!ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលដូច​ត​ទៅ:

15. អ្នក​រាល់​គ្នា​អះ‌អាង​ថាអ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយស្ថាន​មនុស្ស​ស្លាប់។កាល​ណា​មាន​គ្រោះ​កាច​មក​ដល់អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹងនិង​យក​ការ​ភូត‌ភរ​ជា​ជម្រក។

16. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះនៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃហើយ​ជា​គ្រឹះ​ដ៏​មាំ។អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះអ្នក​នោះ​មុខ​ជា​បាន​រឹង‌ប៉ឹង​មិន​ខាន។

17. យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។ខ្យល់​ព្យុះ​នឹង​បក់​រំលើង​ការ​កុហកដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នាហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូត‌ភរដែល​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។

18. សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរពេល​គ្រោះ​កាច​មក​ដល់អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។

19. រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 28