គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 27:1-11 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។

2. នៅ​ថ្ងៃ​នោះ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀងសរសើរ​ចម្ការ​ទំពាំង‌បាយជូរដែល​ផ្ដល់​ស្រា​ដ៏​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរយើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។

4. យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេប៉ុន្តែ ប្រសិន​បើ​យើង​ឃើញបន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះយើង​នឹង​កាប់​ឆ្ការ​វាព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។

5. បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើងហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើងនោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។

6. នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុបនឹង​ចាក់​ឫសពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែលនឹង​មាន​ពន្លក​ដុះ​ចេញ​មករួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។

7. តើ​ព្រះ‌អម្ចាស់​បាន​វាយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​ព្រះ‌អង្គ​វាយ​អស់​អ្នកដែល​បាន​វាយ​ពួក​គេ​ឬ​ទេ?តើ​ព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេដូច​ព្រះ‌អង្គ​ប្រហារ​ជីវិត​អស់​អ្នកដែល​បាន​សម្លាប់​ពួក​គេ​ឬ​ទេ?

8. ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ដោយ​និរទេស​ពួក​គេគឺ​ព្រះ‌អង្គ​បាន​បណ្ដេញ​ពួក​គេដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំងពី​បូព៌ា​ប្រទេស។

9. ដោយ​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យកូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាបពួក​គេ​នឹង​កម្ទេច​ថ្ម​អាសនៈរបស់​ព្រះ​ក្លែង‌ក្លាយ​ឲ្យ​ខ្ទេចដូច​ថ្ម​កំបោរ​ដែល​គេ​កម្ទេច​ឲ្យ​ទៅ​ជា​ធូលី​ដីព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ានិង​កន្លែង​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ។

10. ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំនឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយគឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​ឲ្យ​នៅស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅសម្រាប់​គោ​មក​ដេកហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។

11. ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើមស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អាទិករ​របស់​ពួក​គេលែង​អាណិត​មេត្តា​ពួក​គេព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មកលែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។

សូមអានជំពូកពេញលេញ អេសាយ 27