គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 24:8-20 Khmer Standard Version (KHSV)

8. សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយសំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះក៏​លែង​មាន​ទៀត​ដែរ។

9. ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រាទាំង​ច្រៀង​ទៀត​ហើយស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។

10. ក្រុង​ដែល​គ្មាន​មនុស្ស​នៅនឹង​ត្រូវ​រលំផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោលគ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។

11. នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរព្រោះ​រក​ស្រា​ផឹក​មិន​បានការ​រីក‌រាយ​ក៏​លែង​មានហើយ​ក៏​គ្មាន​អំណរ​សប្បាយនៅ​ក្នុង​ស្រុក​ទៀត​ដែរ។

12. ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែកទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។

13. ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដីប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិចដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែលនៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។

14. រីឯ​អ្នក​ដែល​បាន​រួច​ជីវិតនឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌អម្ចាស់ ដោយ​អំណរ​រីក‌រាយ។ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។

15. អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ានាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយក៏​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!

16. យើង​បាន​ឮ​សូរ​ចម្រៀងពី​ចុង​ខាង​នាយ​ផែនដី​មក​ថា:«សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា:ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ!ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!

17. មនុស្ស‌ម្នា​នៅ​លើ​ផែនដី​អើយអ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន!

18. អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅអ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មកហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។

19. ផែនដី​ប្រេះ ផែនដី​បាក់​បែកផែនដី​រញ្ជួយ​ញាប់‌ញ័រ​យ៉ាង​ខ្លាំង

20. ឃ្លីង‌ឃ្លោង​ដូច​មនុស្ស​ស្រវឹងហើយ​ទ្រេត‌ទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោកព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់‌ធ្ងរ​ណាស់ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 24