គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 19:13-23 Khmer Standard Version (KHSV)

13. ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​លេលាពួក​មេ​ដឹក​នាំ​នៅ​ក្រុង​ណូប​សុទ្ធ​តែ​ឡប់‌សតិគឺ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​នោះ​ហើយដែល​បាន​ដឹក​នាំ​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីបឲ្យ​វង្វេង។

14. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឡប់​ស្មារតីពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​ឲ្យ​វង្វេង ក្នុង​គ្រប់វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹកដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។

15. នៅ​ស្រុក​អេស៊ីប ចាប់​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច ចាប់​ពី​មនុស្ស​ចេះ​ដឹង​រហូត​ដល់​មនុស្ស​ខ្លៅ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។

16. នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ។

17. ទឹក​ដី​យូដា​ជា​កន្លែង​មួយ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ញាប់‌ញ័រ​ជា​ខ្លាំង ពេល​ណា​រំឭក​ពី​ស្រុក​យូដា គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។

18. គ្រា​នោះ មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ ហើយ​អ្នក​ក្រុង​នោះ​ស្បថ‌ស្បែ​ថា គេ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំ នឹង​មាន​ឈ្មោះ​ថា “ក្រុង​របស់​ព្រះ‌អាទិត្យ”។

19. គ្រា​នោះ គេ​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្តូប​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្បែរ​ព្រំ‌ដែន

20. ទុក​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ព្រះ‌អង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។

21. ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្គាល់​ព្រះ‌អង្គ ហើយ​នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ស្គាល់​ព្រះ‌អម្ចាស់​ពិត​មែន។ ពួក​គេ​នឹង​គោរព​បម្រើ​ព្រះ‌អង្គ ដោយ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ ពួក​គេ​នាំ​គ្នា​បន់​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។

22. ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារ​ជន‌ជាតិ​អេស៊ីប​មែន តែ​ព្រះ‌អង្គ​នឹង​ប្រោស​គេ​ឲ្យ​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​ឲ្យ​ជា​ទៀត​ផង។

23. នៅ​គ្រា​នោះ នឹង​មាន​ផ្លូវ​មួយ​ភ្ជាប់​ពី​ស្រុក​អេស៊ីប​ទៅ​ស្រុក​អាស្ស៊ីរី។ ជន‌ជាតិ​អាស្ស៊ីរី​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ជន‌ជាតិ​អេស៊ីប​ទៅ​ស្រុក​អាស្ស៊ីរី ហើយ​ជន‌ជាតិ​ទាំង​ពីរ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​គ្នា។

សូមអានជំពូកពេញលេញ អេសាយ 19