គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 1:13-31 Khmer Standard Version (KHSV)

13. ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះមក​ថ្វាយ​យើង​ទៅ!យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗបុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ*ឬ​ពិធី​ដ៏​ឱឡា‌រិកដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។

14. យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗរបស់​អ្នក​រាល់​គ្នា​ណាស់ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ទ្រាំ​មិន​បាន។

15. កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យយើង​ងាក​មុខ​ចេញទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដីក៏​យើង​មិន​ព្រម​ស្ដាប់​ដែរព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។

16. ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួនឲ្យ​បាន​ស្អាត​បរិសុទ្ធ!ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅកុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ!

17. ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌!ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ!ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រាហើយ​ការពារ​ស្ត្រី​មេម៉ាយ!

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នាទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់យ៉ាង​ណា​ក្ដីក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយវា​នឹង​ប្រែ​ជា ស​ដូច​កប្បាស។

19. ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើងអ្នក​រាល់​គ្នា​នឹង​បរិភោគផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។

20. ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រមហើយ​មាន​ចិត្ត​រឹង​ចចេសអ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់បែរ​ជា​ខូច អស់​បែប​នេះ?ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រងសុទ្ធ​តែ​ជា​ឃាតក!

22. អ្នក​ក្រុង​យេរូ‌សាឡឹម​អើយប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត‌ស្អំ​ទេហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។

23. អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរពួក​គេ​ចូល​ចិត្ត​សំណូកហើយ​គិត​តែ​ពី​ស្វះ‌ស្វែង​រក​ជំនូនគឺ​ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា​ទេហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។

24. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដារបស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា:យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជំនះ​ពី​បច្ចា‌មិត្ត​របស់​យើងហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង!

25. យេរូ‌សាឡឹម​អើយយើង​នឹង​វាយ​ប្រដៅ​អ្នកយើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុយើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មងចេញ​ពី​អ្នក​ដែរ។

26. យើង​នឹង​ធ្វើ​ឲ្យ​ចៅ‌ក្រម​របស់​អ្នកបាន​ដូច​ចៅ‌ក្រម​នៅ​ជំនាន់​ដើមហើយ​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​របស់​អ្នកបាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត”“បុរី​ដ៏​ស្មោះ​ត្រង់”។

27. យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូនឲ្យ​មាន​សេរី‌ភាពហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិតឲ្យ​មាន​សេរី‌ភាព​ដែរ។

28. រីឯ​ពួក​បះ‌បោរ មនុស្ស​បាបនិង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​វិញគេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។

29. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះទុក​ជា​កន្លែង​ធ្វើ​សក្ការ‌បូជា​ដែរ។

30. ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះដែល​មាន​ស្លឹក​ក្រៀម​ស្ងួតហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។

31. មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កម្ទេច​ឈើ​ស្ងួតហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើងដែល​ឆេះ​ជា​មួយ​គ្នាគ្មាន​នរណា​ពន្លត់​បាន​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 1