គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 5:1-17 Khmer Standard Version (KHSV)

1. កូន​ចៅ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ!ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ស្មូត្រ​អំពី​អ្នក​រាល់​គ្នា!

2. អ៊ីស្រា‌អែល​ដែល​ជា​ស្ត្រី​ព្រហ្មចារី ត្រូវ​រលំ​ហើយនាង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទៀត​ទេ។នាង​ដេក​ដួល​នៅ​លើ​ទឹក​ដី​របស់​ខ្លួនគ្មាន​នរណា​លើក​នាង​ឡើយ

3. ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ក្រុង​របស់​អ៊ីស្រា‌អែល​ដែល​ចាត់​ទាហានមួយ​ពាន់​នាក់​ឲ្យ​ទៅ​ច្បាំងឃើញ​ពួក​គេ​ត្រឡប់​មក​វិញ​តែ​មួយ​រយ​នាក់។ក្រុង​ដែល​ចាត់​ទាហាន​មួយ​រយ​នាក់ឲ្យ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញតែ​ដប់​នាក់​ប៉ុណ្ណោះ!»។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់កូន​ចៅ​អ៊ីស្រា‌អែល​ថា៖«ចូរ​ស្វែង​រក​យើងនោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។

5. កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាលកុំ​ទៅ​បៀរ‌សេបា​ឡើយដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅជា​ឈ្លើយ​ទាំង​អស់​គ្នារីឯ​បេត‌អែល​ដែល​ជា​ដំណាក់​របស់​ព្រះ‌ជាម្ចាស់នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។

6. កូន​ចៅ​លោក​យ៉ូសែប​អើយចូរ​ស្វែង​រក​ព្រះ‌អម្ចាស់នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត!ចូរ​ប្រយ័ត្ន ក្រែង​ព្រះ‌អង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នាហើយ​គ្មាន​នរណា​នៅ​បេត‌អែលអាច​នឹង​ពន្លត់​បាន​ឡើយ។

7. អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ប្រែ​ទៅ​ជា​ពិស‌ពុលព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។

8. ព្រះ‌អង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័លព្រះ‌អង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹតព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដីព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់។

9. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​យ៉ាង​ទាន់‌ហន់ចំពោះ​អ្នក​ខ្លាំង​ពូកែហើយ​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​វិនាស។

10. ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។

11. អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌តហើយ​រឹប​អូស​យក​ស្រូវ​របស់​គេហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹងមិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹកស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។

12. «យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្តអំពើ​ទុច្ចរិត​ជា​ច្រើនហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់‌ធ្ងរ​ដែរអ្នក​រាល់​គ្នា​សង្កត់‌សង្កិន​មនុស្ស​សុចរិតអ្នក​រាល់​គ្នា​ទទួល​សំណូកហើយ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ទេ។

13. បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាកហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញាសុខ​ចិត្ត​នៅ​ស្ងៀម»។

14. ចូរ​ខិត‌ខំ​ស្វែង​រក​អំពើ​ល្អកុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយនោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិតហើយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលនឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នាដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ស្រាប់។

15. ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជាអាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ូសែបដែល​នៅ​សេស‌សល់។

16. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«មនុស្ស‌ម្នា​នឹង​សោក​សង្រេងនៅ​តាម​ទី​សាធារណៈ​ទាំង​អស់គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានាគេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ឲ្យ​មក​យំ​សម្រាប់​ពិធី​បញ្ចុះ​សព។

17. ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នាមនុស្ស‌ម្នា​នឹង​សោក​សង្រេងនៅ​តាម​ចម្ការ​ទំពាំង‌បាយជូរ​ទាំង​អស់»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេម៉ុស 5