គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 6:19-35 Khmer Standard Version (KHSV)

19. ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង‌ប្អូន។

20. កូន​អើយ ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។

21. ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។

22. ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន ការពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់

23. ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។

24. ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។

25. កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។

26. ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។

27. តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល?

28. តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង ហើយ​មិន​រលាក​ជើង?

29. រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជា‌និច្ច។

30. ចោរ​លួច​គេ ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​ដែល​ឃ្លាន​នោះ គ្មាន​នរណា​មើល‌ងាយ​ទេ

31. តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំ‌ពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។

32. អ្នក​ណា​លួច​ប្រពន្ធ​គេ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ​នាំ​តែ​វិនាស​ខ្លួន​ឯង។

33. អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត

34. ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។

35. គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់‌ទោស​ឲ្យ ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

សូមអានជំពូកពេញលេញ សុភាសិត 6