គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 4:7-21 Khmer Standard Version (KHSV)

7. រីឯ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។

8. ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃ‌ថ្នូរ។

9. ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ និង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សម្រាប់​កូន»។

10. កូន​អើយ ចូរ​ស្ដាប់​ពាក្យ​របស់​ឪពុក នោះ​កូន​នឹង​មាន​អាយុ​វែង។

11. ឪពុក​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។

12. បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។

13. ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។

14. មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។

15. ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយ។

16. អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ

17. ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។

18. មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។

19. រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។

20. កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។

21. កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជា‌និច្ច។

សូមអានជំពូកពេញលេញ សុភាសិត 4