គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 31:13-29 Khmer Standard Version (KHSV)

13. នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។

14. នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។

15. នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។

16. នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។

17. នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។

18. នាង​ឃើញ​កិច្ចការ​របស់​នាង​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។

19. នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។

20. នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុគ៌ត។

21. នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សំលៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។

22. នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សំលៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។

23. ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ស្រុក។

24. នាង​ដេរ​សម្លៀក‌បំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ឲ្យ​អ្នក​ជំនួញ​ដែរ។

25. នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃ‌ថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។

26. នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។

27. នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។

28. កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:

29. «មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។

សូមអានជំពូកពេញលេញ សុភាសិត 31