គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 31:1-16 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។

2. កូន​អើយ ម្ដាយ​បាន​បន់‌ស្រន់​សុំ​ឲ្យ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។

3. ចូរ​កុំ​ឲ្យ​ស្រីៗ​ដណ្ដើម​យក​កម្លាំង​របស់​កូន​បាន​ឡើយ ហើយ​ក៏​កុំ​ទុក​ឲ្យ​ស្រីៗ ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ស្ដេច​វិនាស អាច​ដឹក​មុខ​កូន​បាន​ដែរ។

4. ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។

5. កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជា‌រាស្ត្រ​ក្រីក្រ។

6. គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ

7. ដ្បិត​កាល​ណា​គេ​ផឹក គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​ទៀត។

8. ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។

9. ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។

10. ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។

11. ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​ឲ្យ​ស្វាមី​ចម្រុង‌ចម្រើន។

12. នាង​តែងតែ​ផ្ដល់​សុភមង្គល​ឲ្យ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​ឲ្យ​ស្វាមី​ជួប​អពមង្គល​ឡើយ។

13. នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។

14. នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។

15. នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។

16. នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។

សូមអានជំពូកពេញលេញ សុភាសិត 31