គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 25:12-27 Khmer Standard Version (KHSV)

12. យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។

13. អ្នក​នាំ​សារ​ស្មោះ​ត្រង់​រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។

14. អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។

15. ការ​អត់‌ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹង‌រូស។

16. បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។

17. ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ រហូត​ដល់​ស្អប់​អ្នក។

18. អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។

19. នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។

20. ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។

21. ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង

22. ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។

23. ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ​រមែង​នាំ​ឲ្យ​គេ​ខឹង។

24. ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

25. ដំណឹង‌ល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។

26. អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តម្រាប់​តាម​មនុស្ស​ទុច្ចរិត។

27. បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ ហើយ​ចង់​បាន​កិត្តិយស​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 25