គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 23:1-13 Khmer Standard Version (KHSV)

1. កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​មួយ​អ្នក​ធំ តោង​គិត​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។

2. បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។

3. កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។

4. កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន ចង់​បាន​ដែរ។

5. អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។

6. កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ។

7. ចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។

8. ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់‌ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសា‌បង់។

9. កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើល‌ងាយ​ពាក្យ​ប្រកប​ដោយ​សុភ‌និច្ឆ័យ​របស់​អ្នក។

10. កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ

11. ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការពារ​គេ ព្រះ‌អង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។

12. ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។

13. កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ​បី​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 23