គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 22:10-25 Khmer Standard Version (KHSV)

10. បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយ លែង​មាន​ទៀត​ហើយ។

11. អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព​រាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ស្ដេច។

12. ព្រះ‌អម្ចាស់​តែងតែ​ថែ‌រក្សា​ការ​យល់​ដឹង​ដ៏​ត្រឹម‌ត្រូវ តែ​ព្រះ‌អង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។

13. មនុស្ស​កំជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។

14. ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។

15. ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។

16. ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន នឹង​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។

17. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ

18. នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជា‌និច្ច។

19. ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។

20. ខ្ញុំ​បាន​កត់‌ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ ចំនួន​សាម‌សិប​សម្រាប់​អ្នក

21. ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹម‌ត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​មនុស្ស ដែល​ចាត់​អ្នក​ឲ្យ​មក។

22. កុំ​រឹប‌អូស​យក​ទ្រព្យ​ពី​ជន​ទុគ៌ត ព្រោះ​តែ​ឃើញ​គ្នា​ទន់​ខ្សោយ ហើយ​កុំ​សង្កត់‌សង្កិន​ជន​ក្រីក្រ​ដែល​គ្មាន​អ្នក​ការពារ

23. ដ្បិត​ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក​ដែល​រឹប‌អូស​យក​ទ្រព្យ​របស់​ពួក​គេ។

24. កុំ​សេព‌គប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោល

25. ក្រែង‌លោ​អ្នក​យក​តម្រាប់​តាម​គេ ហើយ​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ជាប់​អន្ទាក់។

សូមអានជំពូកពេញលេញ សុភាសិត 22