គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 21:1-18 Khmer Standard Version (KHSV)

1. ព្រះ‌ហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ផ្អៀង​ព្រះ‌ហស្ដ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។

2. មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។

3. ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។

4. ទឹក​មុខ​ក្រអឺត‌ក្រទម និង​ចិត្ត​ព្រហើន បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។

5. អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ម៉ត់‌ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់‌ក្រហល់ តែងតែ​ជួប​អត្ត‌ខាត់។

6. អ្នក​ដែល​រក​ទ្រព្យ​សម្បត្តិ​បាន​ដោយ​បោក​ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។

7. ចិត្ត​ឃោរ‌ឃៅ​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។

8. ជន​ឧក្រិដ្ឋ​ដើរ​តាម​ផ្លូវ​វៀច‌វេរ រីឯ​មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។

9. ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

10. មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​ក៏​វា​មិន​ត្រា​ប្រណី​ដែរ។

11. បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡក‌ឡឺយ នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា​នោះ​គេ​នឹង​ទទួល​ចំណេះ។

12. ព្រះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។

13. អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ទុគ៌ត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​អើពើ​ឡើយ។

14. ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។

15. ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​រមែង​ផ្ដល់​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​ឲ្យ​មនុស្ស​ទុច្ចរិត​ភ័យ​តក់‌ស្លុត។

16. អ្នក​ណា​លះ‌បង់​សុភ‌និច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។

17. អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។

18. មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀង‌ត្រង់។

សូមអានជំពូកពេញលេញ សុភាសិត 21