គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 20:1-16 Khmer Standard Version (KHSV)

1. សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។

2. កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។

3. អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជំលោះ អ្នក​នោះ​តែងតែ​ទទួល​កិត្តិយស រីឯ​មនុស្ស​ល្ងី‌ល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។

4. នៅ​រដូវ​វស្សា មនុស្ស​កំជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចម្រូត គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។

5. គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាស‌វៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។

6. មនុស្ស​ជា​ច្រើន​អះ‌អាង​ថា​ខ្លួន​សប្បុរស តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។

7. មនុស្ស​សុចរិត​តែងតែ​រស់​នៅ ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។

8. កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យ‌បល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។

9. តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»?

10. បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ។

11. សូម្បី​តែ​កូន​ក្មេង​ក៏​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។

12. ត្រចៀក​សម្រាប់​ស្ដាប់ និង​ភ្នែក​សម្រាប់​មើល សុទ្ធ​តែ​ព្រះ‌អម្ចាស់​បង្កើត​មក​ដូច​គ្នា។

13. បើ​អ្នក​គិត​តែ​ពី​ដេក អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់‌គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។

14. អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។

15. មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។

16. បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។

សូមអានជំពូកពេញលេញ សុភាសិត 20