គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 17:5-21 Khmer Standard Version (KHSV)

5. អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។

6. ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​ឪពុក។

7. ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។

8. អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។

9. អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។

10. ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធ‌ភាព​ជាង​វាយ​មនុស្ស​ល្ងី‌ល្ងើ​មួយ​រយ​ដំបង។

11. មនុស្ស​ទុច្ចរិត​គិត​តែ​បះ‌បោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈ‌ឃាត​កំណាច​ឲ្យ​ទៅ​បង្ក្រាប​អ្នក​នោះ។

12. ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។

13. អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។

14. បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។

15. អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។

16. ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។

17. កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង‌ប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។

18. អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។

19. អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។

20. មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។

21. អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។

សូមអានជំពូកពេញលេញ សុភាសិត 17