គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 16:7-24 Khmer Standard Version (KHSV)

7. កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះ‌អង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។

8. រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។

9. មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។

10. ស្ដេច​តែងតែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ទ្រង់​ជំនុំ​ជម្រះ​ក្ដី​ដោយ​ឥត​លំអៀង។

11. ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​លក់​ដូរ​ទៀង‌ត្រង់​ដែរ។

12. ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។

13. ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។

14. សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។

15. ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។

16. ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។

17. ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។

18. អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។

19. ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភ័ណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។

20. អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។

21. មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។

22. សុភ‌និច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សម្រាប់​អ្នក​ចេះ​គិត‌គូរ រីឯ​ជន​ល្ងង់‌ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។

23. មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។

24. សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​សុខ‌ភាព​ល្អ។

សូមអានជំពូកពេញលេញ សុភាសិត 16