គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 16:20-33 Khmer Standard Version (KHSV)

20. អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។

21. មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។

22. សុភ‌និច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សម្រាប់​អ្នក​ចេះ​គិត‌គូរ រីឯ​ជន​ល្ងង់‌ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។

23. មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។

24. សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​សុខ‌ភាព​ល្អ។

25. មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។

26. ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាម‌ទារ។

27. មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។

28. មនុស្ស​ទុយ៌ស​រមែង​បង្ក​ជំលោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។

29. មនុស្ស​ឃោរ‌ឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។

30. អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។

31. សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះ។

32. មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។

33. មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។

សូមអានជំពូកពេញលេញ សុភាសិត 16