គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 13:12-25 Khmer Standard Version (KHSV)

12. ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។

13. អ្នក​ណា​មើល‌ងាយ​ព្រះ‌បន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះ‌បញ្ជា​តែងតែ​ទទួល​រង្វាន់។

14. ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

15. មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​គេ​គោរព រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន​តែងតែ​វិនាស។

16. មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។

17. អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ​ត្រង់​តែងតែ​នាំ​សេចក្ដី​សុខ។

18. អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។

19. សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។

20. នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។

21. មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត​តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។

22. មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។

23. ស្រែ​ចម្ការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់ ព្រោះ​តែ​ខ្វះ​យុត្តិធម៌។

24. អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ រីឯ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​វាយ​ប្រដៅ​វា។

25. មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប រីឯ​មនុស្ស​អាក្រក់​តែងតែ​អត់​បាយ។

សូមអានជំពូកពេញលេញ សុភាសិត 13