គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 13:1-14 Khmer Standard Version (KHSV)

1. កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។

2. មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។

3. អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សម្ដី អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​ឲ្យ​ខ្លួន​ឯង​វិនាស។

4. សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។

5. មនុស្ស​សុចរិត​តែងតែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។

6. សេចក្ដី​សុចរិត​តែងតែ​ការ‌ពារ​មនុស្ស​ទៀង‌ត្រង់ រីឯ​អំពើ​បាប​បណ្ដាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។

7. អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុក‌ស្ដម្ភ។

8. អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។

9. មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។

10. ការ​វាយ‌ឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។

11. ទ្រព្យ​រក​បាន​រហ័ស បាត់‌បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។

12. ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។

13. អ្នក​ណា​មើល‌ងាយ​ព្រះ‌បន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះ‌បញ្ជា​តែងតែ​ទទួល​រង្វាន់។

14. ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

សូមអានជំពូកពេញលេញ សុភាសិត 13