គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 12:13-21 Khmer Standard Version (KHSV)

13. មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។

14. មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល ដោយ‌សារ​ពាក្យ​សម្ដី​ដូច​គេ​រក​ប្រាក់​បាន ដោយ‌សារ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ដែរ។

15. មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។

16. មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។

17. មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។

18. អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។

19. ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។

20. អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែងតែ​លាក់​ចិត្ត​វៀច‌វេរ​ជា‌និច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែងតែ​មាន​អំណរ។

21. គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។

សូមអានជំពូកពេញលេញ សុភាសិត 12