គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 10:11-22 Khmer Standard Version (KHSV)

11. ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

12. ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

13. គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។

14. អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។

15. ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។

16. មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។

17. អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។

18. អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19. និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សម្ដី​ជា​អ្នក​មាន​ប្រាជ្ញា។

20. ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។

21. ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងី‌ល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។

22. មាន​តែ​ព្រះ‌ពរ​មក​ពី​ព្រះ‌អម្ចាស់​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចម្រុង‌ចម្រើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។

សូមអានជំពូកពេញលេញ សុភាសិត 10