គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 10:1-10 Khmer Standard Version (KHSV)

1. សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិល‌ខូច​ធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​បារម្ភ។

2. ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​ធ្វើ​ឲ្យ​ចម្រុង‌ចម្រើន​ឡើយ មាន​តែ​ទ្រព្យ​រក​បាន​ដោយ​សុចរិត​ប៉ុណ្ណោះ ទើប​សង្គ្រោះ​ជីវិត​បាន។

3. ព្រះ‌អម្ចាស់​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​មិន​បំពេញ​តាម​ការ​លោភ‌លន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។

4. មនុស្ស​ខ្ជិល​នាំ​ឲ្យ​ខ្លួន​ក្រ មនុស្ស​ឧស្សាហ៍​នាំ​ឲ្យ​ខ្លួន​មាន។

5. អ្នក​ណា​ប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចម្រូត អ្នក​នោះ​ជា​មនុស្ស​ចេះ​គិត‌គូរ រីឯ​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចម្រូត ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។

6. មនុស្ស​សុចរិត​រមែង​ទទួល​ពរ រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

7. គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជា‌និច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។

8. មនុស្ស​មាន​ប្រាជ្ញា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

9. អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។

10. អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

សូមអានជំពូកពេញលេញ សុភាសិត 10