គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 9:10-17 Khmer Standard Version (KHSV)

10. ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។

11. នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។

12. មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃ‌អន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។

13. នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។

14. ក្នុង​ទីក្រុង​តូច​មួយ មាន​មនុស្ស​រស់​នៅ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ។ ស្ដេច​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​បាន​លើក​ទ័ព​មក​វាយ​យក​ក្រុង​នោះ ទាំង​បង្កើត​សស្ត្រា‌វុធ​យ៉ាង​សំបើម​ឡោម‌ព័ទ្ធ​ទីក្រុង។

15. នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ជា​ជន​ក្រីក្រ តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទីក្រុង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង ដោយ‌សារ​ប្រាជ្ញា​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។

16. ខ្ញុំ​យល់​ថា ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លា‌ហាន​អង់‌អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើល‌ងាយ ហើយ​ពាក្យ​សម្ដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។

17. ស្ដាប់​ពាក្យ​សម្ដី​ដែល​អ្នក​ប្រាជ្ញ​និយាយ​ដោយ​ស្ងាត់ៗ ប្រសើរ​ជាង​ស្ដាប់​សម្រែក​របស់​អ្នក​ដែល​បញ្ជា​មនុស្ស​ល្ងី‌ល្ងើ។

សូមអានជំពូកពេញលេញ សាស្ដា 9